Skip to main content

ពីការផ្លាស់ប្តូរទីលំនៅមកជាអ្នកដឹកនាំ៖ ដំណើរជីវិតរបស់ពិសី

22 Apr 2026 Cambodia

ពិសី គឺជាសិស្សដែលមានអាយុ ១១ ឆ្នាំ រៀនថ្នាក់ទី ៦ មកពីខេត្តកំពង់ឆ្នាំង។ នាងរស់នៅជាមួយឪពុកម្តាយ និងបងប្អូនពីរនាក់ទៀត។ ឪពុករបស់នាង ជាអ្នកនេសាទ ហើយម្តាយជាអ្នកលក់ដូរបន្តិចបន្តួច។ គ្រួសារនេះបានជួបការលំបាកផ្នែកហិរញ្ញវត្ថុជាយូរមកហើយ ដោយជារឿយៗរកចំណូលបានត្រឹមតែសម្រាប់ហូបចុកប្រចាំថ្ងៃប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ឪពុកម្តាយរបស់នាងបន្តគាំទ្រឱ្យកូនទាំងបីបានរៀនសូ

ក្នុងឆ្នាំ ២០២០ គ្រួសារនេះបានជួបប្រទះការលំបាកយ៉ាងខ្លាំង នៅពេលដែលគោលនបាយរដ្ឋាភិបាលបានតម្រូវឱ្យពួកគេផ្លាស់ប្តូរទីលំនៅពីផ្ទះបណ្តែតទឹក មកកាន់ដីឡូត៍នៅលើគោកក្នុងតំបន់ពាមខ្នង ដែលមានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីទន្លេដែលជាប្រភពចំណូលរបស់ពួកគេ។ ការបន្ស៊ាំខ្លួនទៅនឹងជីវិតលើគោកមានការលំបាកខ្លាំងណាស់ ព្រោះពួកគេចេះតែនេសាទ។ ពួកគេមិនមានបទពិសោធន៍ក្នុងការធ្វើស្រែចម្ការ ដាំបន្លែ ឬចិញ្ចឹមសត្វឡើយ។ តាមរយៈការខិតខំប្រឹងប្រែង ការខ្ចីលុយ និងការលើកទឹកចិត្តពីលោកគ្រូអ្នកគ្រូ ពួកគេក៏ចាប់ផ្តើមសម្របខ្លួនបន្តិចម្តងៗ ដោយចាប់ផ្តើមលក់ដូរតិចតួចនៅផ្ទះ ធ្វើស្រែ ដាំបន្លែ និងចិញ្ចឹមមាន់។ យូរៗទៅ ជីវភាពរស់នៅរបស់ពួកគេក៏បានប្រសើរឡើង។ ដោយសារការខ្វះខាត និងអត្តចរិតល្អ លោកគ្រូអ្នកគ្រូ និងសប្បុរសជន ក៏បានផ្តល់ប្រាក់ឧត្តមដល់គ្រួសារពិសីចំនួន ១០០,០០០ រៀលក្នុងមួយខែ រយៈពេលពីរឆ្នាំផងដែរ។

មុនឆ្នាំ ២០២២ សកម្មភាពបរិស្ថាននៅសាលារបស់ពិសី មានត្រឹមតែការធ្វើអនាម័យប្រចាំសប្តាហ៍ប៉ុណ្ណោះ ហើយសិស្សានុសិស្សមានការយល់ដឹងតិចតួចអំពីជីវចម្រុះ ឬបញ្ហាបរិស្ថាន។ អ្វីៗបានផ្លាស់ប្តូរនៅពេលដែលគម្រោង "អប់រំបរិស្ថានសម្រាប់កុមារជំនាន់ថ្មី" ដែលទទួលបានជំនួយគាំទ្រពីអង្គការ Save the Children ន័រវេសបានសហការជាមួយសាលារៀន និងដាក់បញ្ចូលមេរៀនអប់រំបរិស្ថានចំនួន ៦ មេរៀន។ តាមរយៈមេរៀនទាំងនេះ និងការណែនាំពីឪពុកម្តាយ និងគ្រូ ពិសីបានរៀនអំពីបញ្ហាបរិស្ថានដូចជា ការបំពុលដោយប្លាស្ទិក ការកាប់បំផ្លាញព្រៃឈើ ការនេសាទខុសច្បាប់ ការថយចុះនៃទិន្នផលត្រី និងការប្រើប្រាស់ជីគីមីខុសបច្ចេកទេស។ ដោយដឹងថាបញ្ហាទាំងនេះប៉ះពាល់ដល់សហគមន៍ និងមុខរបរនាពេលអនាគត ពិសីចង់ការពារបរិស្ថានយ៉ាងខ្លាំង។

ដោយមានការលើកទឹកចិត្តពីគ្រូ និងគម្រោង "អប់រំបរិស្ថានសម្រាប់កុមារជំនាន់ថ្មី" ពិសីបានចូលរួមជាសមាជិកក្រុមប្រឹក្សាកុមារ ហើយក្រោយមកក៏ក្លាយជាប្រធានក្រុមប្រឹក្សាកុមារ។ នាងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពគម្រោង និងចូលរួមប្រជុំជាមួយគ្រូ គណៈកម្មការគ្រប់គ្រងសាលារៀន និងក្រុមប្រឹក្សាឃុំ។ ពិសីបានដឹកនាំយុទ្ធនាការគ្រប់គ្រងកាកសំណល់ សកម្មភាពដាំដើមឈើ និងគំនិតផ្តួចផ្តើមផ្សេងៗទៀតក្នុងសាលា។ ដំបូងឡើយ នាងទទួលបានជំទាស់ពីមនុស្សចាស់មួយចំនួនក្នុងសហគមន៍ ដែលជឿថា ក្មេងៗមិនគួរមកផ្តល់យោបល់ឱ្យមនុស្សចាស់ឡើយ។ ទោះបីជាមានអារម្មណ៍ភ័យខ្លាចខ្លះក៏ដោយ ក៏ពិសីនៅតែបន្តការប្តេជ្ញាចិត្ត។ នាងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមនុស្សពេញវ័យដែលគាំទ្រនាង ហើយបន្តលើកឡើងនូវគំនិតរបស់នាងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឃុំ។

សកម្មភាពមួយដែលលេចធ្លោជាងគេរបស់ពិសី គឺការធ្វើពិសោធន៍សំណឹកដី ដោយប្រៀបធៀបរវាងដីទទេ និងដីដែលមានរុក្ខជាតិគ្របដណ្តប់។ តាមរយៈការពិសោធន៍នេះ នាងបានរៀនថា ដើមឈើ និងស្លឹកឈើជួយការពារសំណឹក និងរក្សាទឹកឱ្យស្អាត ខណៈដែលដីទទេនាំឱ្យមានការហូរច្រោះ និងខូចគុណភាពដី។ នាង ក៏បានសិក្សាពីបញ្ហាសហគមន៍កាន់តែទូលំទូលាយ រួមមាន ព្យុះ រន្ទះ និងការថយចុះនៃត្រី និងសត្វព្រៃ។ ពិសីបានយកលទ្ធផលនៃការរកឃើញរបស់នាង មកធ្វើបទបង្ហាញដល់មិត្តរួមថ្នាក់ គ្រូបង្រៀន ការតាំងពិព័រណ៍នៅសាលា និងកិច្ចប្រជុំកម្រិតឃុំ ដើម្បីជួយឱ្យអ្នកដទៃយល់កាន់តែច្បាស់អំពីការការពារបរិស្ថា



កិច្ចខិតខំប្រឹងប្រែង​ និងទំនុកចិត្តដែលកើនឡើងរបស់នាង ធ្វើឱ្យពិសីត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាកុមារសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ ក្នុងតួនាទីនេះ នាងបានផ្សព្វផ្សាយពីការគ្រប់គ្រងកាកសំណល់ ការដាំដើមឈើ និងធានាថា តម្រូវការផ្នែកបរិស្ថានត្រូវបានបញ្ចូលទៅក្នុងផែនការប្រតិបត្តិការរបស់សាលា។ ការស្វែងរកមតិគាំទ្របានទៅដល់រដ្ឋបាលមូលដ្ឋាន ដែលក្រុមប្រឹក្សាឃុំផ្លូវទូកបានសរសើរចំពោះភាពក្លាហាន និងភាពជាអ្នកដឹកនាំរបស់នាង។ ជាលទ្ធផល ពួកគេបានអនុម័តថវិកាយ៉ាងច្រើន ចំនួន ១០,៥០០,០០០ រៀល ក្នុងកញ្ចប់ថវិកាឆ្នាំ ២០២៥ សម្រាប់ការជួសជុលសួនកុមារ ដងទង់ជាតិ ខ្លោងទ្វារសាលា ថាមពលសូឡា និងការដាំដើមឈើ ព្រមទាំងបានគ្រោងថវិកាសម្រាប់ឆ្នាំ ២០២៦ រួមមាន ៤,០០០,០០០ រៀល សម្រាប់ឡដុតសំរាម និង ៨,០០០,០០០ រៀល សម្រាប់សង់ចំណតកង់។

តាមរយៈការចូលរួមនេះ ពិសីទទួលបានជំនាញទន់យ៉ាងខ្លាំងក្លា ដូចជា ការប្រាស្រ័យទាក់ទង ការសម្របសម្រួល ការធ្វើបទបង្ហាញ ការកសាងទំនាក់ទំនងជាមួយកុមារ និងមនុស្សពេញវ័យ និងភាពរឹងមាំផ្លូវចិត្ត។ បង្ហាញពីតួនាទីរបស់នាង ពិសីបានចែករំលែកថា៖ "សម្រាប់ខ្ញុំ តួនាទីនេះមិនមែនគ្រាន់តែជាតួនាទីប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការទទួលខុសត្រូវខ្ពស់ក្នុងការធ្វើជាគំរូ ជាអ្នកសម្របសម្រួល និងជាសំឡេងតំណាងឱ្យកុមារទាំងអស់ក្នុងសាលា។ ខ្ញុំ សន្យាថានឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យសាលារបស់យើងក្លាយជាកន្លែងរីករាយសម្រាប់កុមារគ្រប់រូប"។
ការលះបង់របស់នាងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ អ្នកស្រី សុទៀង សមាជិកគណៈកម្មាធិការឃុំដើម្បីស្ត្រី និងកុមារ បានមានប្រសាសន៍ថា "ពិសីមានទំនុកចិត្ត សមត្ថភាព និងភាពក្លាហានក្នុងការដឹកនាំសកម្មភាពបរិស្ថាន ហើយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ជំនាន់ក្រោយ។"

លោក ស៊ីថា នាយកសាលាបឋមសិក្សាពាមខ្នង បានបន្ថែមថា៖ "ពិសី គឺជាសិស្សគំរូ។ ទោះបីជាស្ថានភាពគ្រួសារមានការខ្វះខាតក៏ដោយ ក៏នាងបានអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំដែលមានសមត្ថភាព ជាមួយនឹងការទទួលខុសត្រូវខ្ពស់ និងជំនាញទំនាក់ទំនង។ ខ្ញុំជឿជាក់ថានាងនឹងក្លាយជាធនធានដ៏សំខាន់សម្រាប់សហគមន៍នាពេលអនាគត។"
 

សព្វថ្ងៃនេះ ពិសីមានមោទនភាពចំពោះការផ្លាស់ប្តូរជាវិជ្ជមានដែលនាងបានធ្វើ រួមមានការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកាកសំណល់ សាលារៀនមានពណ៌បៃតង និងបរិយាកាសសិក្សាដែលទាក់ទាញ អាចលើកទឹកចិត្តឱ្យសិស្សមកសាលាបានទៀងទាត់។ ពិសី មានក្តីស្រមៃក្លាយជាគ្រូបង្រៀននៅក្នុងភូមិរបស់នាង និយាយជាមួយទំនុកចិត្តខ្ពស់។ ដោយដឹងពីកង្វះខាតគ្រូបង្រៀននៅក្នុងមូលដ្ឋាន ពិសីសង្ឃឹមថានឹងបង្រៀនទាំងមុខវិជ្ជាទូទៅ និងចំណេះដឹងផ្នែកបរិស្ថាន ដើម្បីជួយកសាងសហគមន៍របស់នាងនាពេលអនាគត។ ពិសីបាននិយាយថា៖ "ខ្ញុំចង់ដឹកនាំ និងបង្រៀនកុមារនៅទីនេះ ពីព្រោះសហគមន៍របស់យើងខ្វះខាតធនធានមនុស្ស។"