Skip to main content

ការពារអនាគតកម្ពុជាតាមរយៈគម្រោង BRACE ដែលមានហិរញ្ញប្បទានចំនួន ៤០ លានដុល្លារអាមេរិក នឹងជួយគាំទ្រកុមារ និងសាលារៀនទប់ស្កាត់ផលប៉ះពាល់នៃការប្រែប្រួលអាកាស

7 Jul 2025 Cambodia

ថ្ងៃទី៧ ខែកក្កដា រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រឹងប្រែងដ៏សំខាន់មួយ ដើម្បីឆ្លើយតបនឹងវិបត្តិអាកាសធាតុដែលកំពុងកើនឡើង និងជះផលអវិជ្ជមានដល់កុមារកម្ពុជា អង្គការ Save the Children សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា មានមោទនភាពក្នុងការប្រកាសបើកដំណើរការគម្រោង «ការកសាងភាពធន់របស់កុមារ និងសហគមន៍ទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈវិស័យអប់រំ» ឬហៅកាត់ថា BRACE។

តាមរយៈកិច្ចព្រមព្រៀងជំនួយហិរញ្ញប្បទានអាកាសធាតុដ៏សំខាន់ ចំនួន៤០លានដុល្លារអាមេរិក ក្រោមជំនួយគាំទ្ររួមគ្នារវាងមូលនិធិអាកាសធាតុបៃតង (GCF) និងមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ(GPE) នឹងគាំទ្រការពង្រឹងវិស័យអប់រំដែលកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ស៊ូដង់ខាងត្បូង និង
តុងហ្កា។ នៅក្នុងប្រទេសកម្ពុជា គម្រោង BRACE នឹងពង្រឹងភាពធន់នឹងអាកាសធាតុនៅក្នុងប្រព័ន្ធអប់រំ ដោយផ្ដល់
អត្ថប្រយោជន៍ដល់ប្រជាជន និងកុមារប្រហែល ១,២៧លាននាក់ ដែលស្មើរនឹងប្រមាណជា ២០% នៃចំនួន
ប្រជាជនសរុបនៅខេត្តចំនួនបីក្នុងប្រទេសកម្ពុជា សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។ ការវិនិយោគដ៏សំខាន់នេះកើតឡើងនៅពេលដែលកុមារកម្ពុជាជិត ២,៩លាននាក់ បានប្រឈមមុខនឹងគ្រោះមហន្តរាយនានាទាក់ទងនឹងការប្រែប្រួលអាកាសធាតុជារៀងរាល់ឆ្នាំមានដូចជា៖ គ្រោះទឹកជំនន់ ខ្យល់ព្យុះ ការបំពុលខ្យល់ កង្វះទឹកប្រើប្រាស់ និងការកើនឡើងរលកកំដៅជាដើម។ លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children ប្រចាំកម្ពុជា បានសង្កត់ធ្ងន់ថា វិបត្ដិអាកាសធាតុបានបង្ករឱ្យមានការឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយជិតពាក់កណ្ដាលនៃកុមារកម្ពុជា ប្រឈមរងផលប៉ះពាល់ពីគ្រោះមហន្ដរាយខាងលើ ឬអាចច្រើនជាងនេះ ដែលកត្តាទាំងនេះកំពុងនាំឱ្យមាន
«វិបត្តិសិទ្ធិកុមារយ៉ាងស្ងៀមស្ងាត់»។ កុមារបានដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងទាំងនេះ តាមរយៈការបង្ហាញនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិក្នុងឆ្នាំ២០២១ ដែលមានការចូលរួមពីកុមារ និងយុវជនចំនួន ៣,១១៣នាក់ តំណាងមកពី ២៣ខេត្ត ដោយពួកគេបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងពីការបាត់បង់មុខរបរគ្រួសារ ផ្ទះសម្បែង និងសាលារៀនរបស់ពួកគេ ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ ជាពិសេសនៅក្នុងតំបន់ដែលកំពុងប្រឈមមុខនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុរួចទៅហើយ។

លោក រស្មី បានមានប្រសាសន៍ថា៖ «តាមរយៈគម្រោង BRACE យើងនឹងសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងភាពធន់ដោយរួមបញ្ចូលការរៀបចំត្រៀមបង្ការគ្រោះមហន្តរាយ និងការយល់ដឹងអំពីបរិស្ថានទៅក្នុងវិស័យអប់រំ រួមទាំងសាលាមេត្រីបរិស្ថាន ដើម្បីធានាបានថាកុមារអាចរៀននៅក្នុងសាលាដែលមានសុវត្ថិភាព និងបៃតងជាងមុន»។

គម្រោង BRACE មានគោលបំណងកសាងសាលារៀនដែលមានសុវត្ថិភាព និងបៃតងជាងមុន ដោយរួមបញ្ចូលការប្រែប្រួលអាកាសធាតុនៅក្នុងកម្មវិធីសិក្សារបស់សាលា និងធានាថាសាលារៀន និងកុមារទទួលបាននូវព័ត៌មានទាក់ទងនឹងអាកាសធាតុ និងប្រព័ន្ធប្រកាសអាសន្ន មុនពេលដែលមានគ្រោះមហន្ដរាយបង្ករពីការប្រែប្រួល
អាកាសធាតុ និងបរិស្ថានកើតមានឡើង។
លោកស្រី Laura Frigenti នាយិកាប្រតិបត្តិ មូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ បានមានប្រសាសន៍ថា៖ «ភាពជាដៃគូរបស់យើងបញ្ជាក់ពីភាពបន្ទាន់ដើម្បីការពារកុមារ និងការអប់រំរបស់ពួកគេពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំនេះ យើងទាំងអស់គ្នាត្រូវតែធ្វើការរួមគ្នាដើម្បីការពារកុមារដែលងាយរងគ្រោះបំផុត និងផ្តល់នូវការអប់រំដែលពួកគេត្រូវការ ដើម្បីពួកគេអាចពង្រឹង និងចូលរួមដោះស្រាយ
ការប្រែប្រួលអាកាសធាតុ»។ 
លោក Henry Gonzalez ប្រធានផ្នែកវិនិយោគនៃមូលនិធិអាកាសធាតុបៃតង (GCF) បានមានប្រសាសន៍ថា៖ 
«គម្រោង BRACE គឺជាជំហ៊ានចាប់ផ្ដើមដ៏សំខាន់ក្នុងការបញ្ចូលភាពធន់នឹងអាកាសធាតុទៅក្នុងប្រព័ន្ធអប់រំ។ យើងមានក្ដីសោមន្សរីករាយដែលឃើញ គម្រោងនេះបន្ស៊ីគ្នារវាងសកម្មភាពអាកាសធាតុ និងការអប់រំ ដើម្បីធានាថាកុមារនៅកម្ពុជា ស៊ូដង់ខាងត្បូង  និងតុងហ្កា យល់ដឹង និងធ្វើសេចក្ដីសម្រេចចិត្ដដោយផ្អែកលើហានិភ័យនៃអាកាសធាតុ។ ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការកសាងភាពធន់»។
ជាចុងក្រោយ គម្រោងដែលមានរយៈពេលប្រាំឆ្នាំនេះ នឹងធ្វើឱ្យប្រព័ន្ធអប់រំរបស់កម្ពុជា មានភាពធន់ និងចូលរួម
ដោះស្រាយការប្រែប្រួលអាកាសធាតុ ជាពិសេសធានាឱ្យបានថា សាលារៀនមានសុវត្ថិភាព និងបៃតងជាងមុនដែលអាចឱ្យកុមារបន្តការសិក្សាដោយគ្មានការរំខាន គាំទ្រនិងលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់កុមារគ្រប់រូបៗ ដើម្បីធានាបានថាពួកគេទទួលបានការអប់រំប្រកបដោយគុណភាព និងត្រូវបានការពារពីវិបត្ដិអាកាសធាតុដែលយើងកំពុងតែជួបប្រទះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 
1.    លោក ជិន កិត្យា មន្ត្រីសម្របសម្រួលផ្នែកទំនាក់ទំនង និងរបាយការណ៍ជូនម្ចាស់ជំនួយ
អង្គការ Save the Children ប្រចាំកម្ពុជា
សារអេទ្បិកត្រូនិក៖ kethya.chin@savethechildren.org 
ទូរសព្ទ៖ +៨៥៥ ០៩២ ៥៥១ ៥០៨
2.    កញ្ញា យស់ រដ្ឋា មន្ត្រីផ្នែកទំនាក់ទំនង អង្គការ Save the Children ប្រចាំកម្ពុជា
សារអេទ្បិកត្រូនិក៖ ratha.yous@savethechildren.org 
ទូរសព្ទ៖ +៨៥៥ ០៩៣ ២៣៤ ៨៨០
3.    លោក រស់ ច័ន្ទបូរិទ្ធិ ប្រធានផ្នែកការអភិវឌ្ឍកម្មវិធី គុណភាព និងផលជះ 
អង្គការ Save the Children ប្រចាំកម្ពុជា
សារអេទ្បិកត្រូនិក៖ chanborith.ros@savethechildren.org 
ទូរសព្ទ៖ +៨៥៥ ១២ ៦៧៦ ២៣៩
កំណត់សម្គាល់
•    គម្រោងនេះជាការគាំទ្ររួមគ្នារវាងមូលនិធិអាកាសធាតុបៃតង (GCF) ដែលមានទំហំទឹកប្រាក់សរុប ៣២ លានដុល្លាអាមេរិក និងមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ(GPE) ចំនួន៨ លានដុល្លាអាមេរិក។ 
•    គម្រោងនេះនឹងត្រូវអនុវត្ដនៅប្រទេសចំនួនបីរួមមាន៖ កម្ពុជា ស៊ូដង់ខាងត្បូង  និងតុងហ្កា។ នៅក្នុងប្រទេសកម្ពុជានឹងមានសកម្មភាពមួយចំនួននឹងត្រូវបានអនុវត្ដតាមរយៈហិរញ្ញប្បទានពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE Multiplier Grant) តាមរយៈធនាគារពិភពលោក និងអង្គការយូនីសេហ្វ
•    មូលនិធិអាកាសធាតុបៃតង (GCF) គឺជាមូលអាកាសធាតុធំជាងគេបំផុតនៅក្នុងពិភពលោក ដែលមានគោលបំណងពង្រឹង និងពន្លឿនការអភិវឌ្ឍឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងបញ្ចេញការបូនតិចនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ GCF ទ្រទ្រង់កម្មវិធី និងគម្រោងនៅប្រទេសជាង១២០ ទូទាំងពិភពលោក និងមានកម្មវិធីគាំទ្រ (Readiness Programme) ដើម្បីគាំទ្រ និងកសាងសមត្ថភាពប្រទេសនានារៀបចំនូវយុទ្ធសាស្រ្ដរយៈពេលវែងដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ GCF ដើរតួជាអង្គភាពប្រតិបត្តិការ យន្តការហិរញ្ញវត្ថុនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ ដើម្បីគាំទ្រគោលដៅនៃការរក្សាការកើនឡើងស៊ីតុណ្ហភាពពិភពលោកជាមធ្យមឱ្យនៅក្រោម២
អង្សាសេ។
•    មូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ(GPE) គឺជាការប្ដេជ្ញាចិត្ដរួមគ្នា ដើម្បីបញ្ចប់វិបត្ដិអប់រំនៅទូទាំង
ពិភពលោក។ GPE បានធ្វើការកៀរគរធនធានពីដៃគូ និងម្ចាស់ជំនួយ គាំទ្រជិត៩០ប្រទេសដែលមានចំណូលតិចសម្រាប់ធ្វើការផ្លាស់ប្ដូរនូវប្រព័ន្ធអប់រំរបស់ពួកគេដើម្បីធានាបានថាក្មេងស្រី និងក្មេងប្រុសគ្រប់រូបទទួលបានការអប់រំដែលមាន
គុណភាពដែលពួកគេត្រូវការដើម្បីចូលរួមដោះស្រាយ និងកសាងពិភពលោកឱ្យកាន់តែប្រសើរ។
•    អង្គការ Save the Children អូស្រា្ដលី (SCA) ជាអង្គការមនុស្សធម៌ដំបូងគេដែលបានការទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ២០១៩ ដោយមូលនិធិអាកាសធាតុបៃតង (Accredited Entity) ដើម្បីសហការជាមួយប្រទេសកំពុងអភិវឌ្ឍនានារៀបចំកៀរគរធនធានហិរញ្ញប្បទានអាកាសធាតុដោយផ្ទាល់ពី GCF។ Save the Children Australia ជាអ្នកដឹកនាំកម្មវិធីប្រែប្រួលអាកាសធាតុសម្រាប់បណ្ដាញអង្គការ Save the Children នៅទូទាំងពិភពលោក និងផ្ដល់ទីប្រឹក្សាបច្ចេកទេសនានាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយ សុខភាព ទឹក 
និងអនាម័យ ជីវភាព កសិកម្ម និងសន្ដិសុខស្បៀងអាហារ។
•    អង្គការ Save the Children អន្ដរជាតិ គឺជាអង្គការសិទ្ធកុមារឯករាជ្យធំជាងគេបំផុតនៅក្នុងពិភពលោក ដែលធ្វើការនៅជាង១២០ប្រទេស រួមទាំងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧០។ កម្មវិធីរបស់យើងផ្ដោតសំខាន់លើការអភិវឌ្ឍ និងថែទាំកុមារតូច ការអប់រំ សិទ្ធកុមារ ការការពារកុមារ សុខភាព និងអាហារូបត្ថម្ភ ភាពក្រីក្ររបស់កុមារ ការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។