រាជធានីភ្នំពេញ កម្ពុជា ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៖ គម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ១២លានដុល្លារនូវែលសេឡង់ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមបង្កើនប្រាក់ចំណូលគ្រួសារកសិកម្ម និងធានាបាននូវសុខុមាលភាព់កុមារនៅជនបទ តាមរយៈគម្រោងដែលផ្តោតលើការលើកកម្ពស់វិស័យសាកវប្បកម្មដែលធន់នឹងអាកាសធាតុ។ នេះបើតាមការប្រកាសនៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នូវែលសេឡង់ រួមជាមួយឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំកម្ពុជា។
គម្រោងថ្មីដែលមានឈ្មោះថា ការបង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា ឬ ហៅកាត់ថា (GROWTH) ទទួលបានមូលនិធិពីរដ្ឋាភិបាលប្រទេសនូវែលសេឡង់ (MFAT) និងត្រូវបានអនុវត្តដោយអង្គការ Save the Children ប្រចាំកម្ពុជា (SCI) ក្នុងភាពជាដៃគូជាមួយអង្គការ iDE Cambodia។ គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់គ្រួសារកសិករចំនួន ៨,០០០ គ្រួសារ និងបង្កើតបរិយាកាសដែលមានសុខភាពល្អ និងមានសុវត្ថិភាពសម្រាប់កុមារជាង ១០,០០០នាក់ នៅទូទាំងខេត្តចំនួនបួននៃប្រទេសកម្ពុជារួមមាន៖ កោះកុង កំពត សៀមរាប និង បន្ទាយមានជ័យ។
ឯកឧត្ដម Winston Peters រដ្ឋមន្រ្តី ក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសណូវែលសេឡង់ (MFAT) បានមានប្រសាសន៍ថា៖ "ប្រទេសនូវែលសេឡង់ គាំទ្រដោយមោទនភាពចំពោះគម្រោង ការបង្កើនកាលានុវត្ដភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា (GROWTH)។ គម្រោងនេះ មានគោលបំណង លើកកម្ពស់វិស័យសាកវប្បកម្ម ដ៏មានសារៈសំខាន់ ជាកត្តាជំរុញវិបុលភាពជនបទ ដោយផ្អែកលើកិច្ចសហការក្នុងវិស័យកសិកម្មអស់ជាង២០ឆ្នាំកន្លងមកនេះ។"
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ "ថ្ងៃនេះ យើងដាំគ្រាប់ពូជនៃចក្ខុវិស័យដ៏មានតម្លៃនេះ។ តាមរយៈការប្តេជ្ញា និងក្នុងភាពជាដៃគូរសហការរបស់យើង យើងនឹងធ្វើឱ្យគម្រោង GROWTH ក្លាយទៅជាសមិទ្ធផលដ៏គំរូមួយ ក្នុងដំណើរការទំនើបកម្មនៃវិស័យកសិកម្មប្រកបដោយចីរភាពសម្រាប់កម្ពុជា។"
កសិករខ្នាតតូចនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាមួយចំនួន។ បញ្ហាបម្រែបម្រួល អាកាសធាតុ និងគ្រោះទឹកជំនន់បណ្ដាល ឱ្យខូចខាតដំណាំ និងប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករ។ ភាពបែកខ្ញែកនៃទីផ្សារ រួមជាមួយនឹងការសម្របសម្រួល និងការចែកចាយព័ត៌មានទីផ្សារនៅមានកម្រិត ធ្វើឱ្យកសិករជួបប្រទះនូវផលពិបាកក្នុងការទទួលបានតម្លៃសមរម្យ។ លើសពីនេះទៅទៀត កង្វះនូវចំណេះដឹងនៃបច្ចេកទេសសំខាន់ៗ និង លទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុ ជាកត្តារារាំងដល់កសិករក្នុង ការបង្កើនផលិតភាពផងដែរ។ នៅពេលដែលប្រាក់ចំណូលក្នុងគ្រួសារធ្លាក់ចុះ កសិករបានបង្ខំចិត្តបញ្ឈប់បញ្ប់កូនរបស់ពួកគេពីការសិក្សា ឬត្រូវកាត់បន្ថយការទទួលទានអាហារដែលមានជីវជាតិ។
លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children នៅកម្ពុជា បានមានប្រសាសន៍ថា៖ "កិច្ចសហការនេះ តំណាងឱ្យវិធីសាស្ត្រផ្លាស់ប្តូរថ្មីមួយ លើសពីជំនួយកសិកម្មបែបប្រពៃណី ដើម្បីបង្កើតភាពធន់ជាប្រព័ន្ធ។ "យើងកំពុងអនុវត្តវិធីសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារ (MSD) ដែលមានគោលដៅគាំទ្រកុមារក្រីក្រ និងការយកចិត្តទុកដាក់ដល់កុមារ (child-sensitive) ។ តាមរយៈការផ្គូផ្គងកំណើនសេដ្ឋកិច្ច ជាមួយនឹងវិធានការយ៉ាងម៉ត់ចត់តាមរយៈការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងអន្តរាគមន៍កិច្ចការពារកុមារ យើងធានាថា ការទទួលបានទីផ្សារមួយ ដែលលើកកម្ពស់អាហារូបត្ថម្ភ សុវត្ថិភាព និងការអប់រំរបស់កុមារដោយផ្ទាល់ និងកាន់តែប្រសើរឡើង ដែលស្របតាមគោលនយោបាយរបស់ MFAT ស្តីពីសមភាពយេនឌ័រកុមារ និងយុវជន និងការបន្ស៊ាំអាកាសធាតុ។"
លោក Kevin Robbins នាយកប្រចាំប្រទេសរបស់អង្គការ iDE កម្ពុជា បានមានប្រសាសន៍ថា៖ "គម្រោង GROWTH នឹងបំពាក់បំប៉នដល់កសិករសាកវប្បកម្មទាំង ចំណេះដឹង ឧបករណ៍ និងទំនាក់ទំនងទីផ្សារ ដែលពួកគេត្រូវការដើម្បីអនុវត្តកសិកម្មឆ្លាតវៃនឹងអាកាសធាតុព្រមទាំងទទួលបានទីផ្សារលក់ផលិតផលកាន់តែល្អប្រសើរ។ តាមរយៈការពង្រឹងប្រព័ន្ធទីផ្សារដំណាំសាកវប្បកម្មដែលមានភាពធន់ការលើកកម្ពស់ការចូលរួមពីវិស័យឯកជន និងការពង្រឹងសិទ្ធិអំណាចដល់សហគ្រាសកសិកម្មដែលដឹកនាំដោយស្ត្រី គម្រោងនេះនឹងគាំទ្រដល់គ្រួសារកសិករឱ្យមានលទ្ធភាព កែលម្អជីវភាពរស់នៅ គ្រប់គ្រងហានិភ័យ កាន់តែប្រសើរ និងកសាងសហគមន៍របស់ពួកគេឱ្យកាន់តែមានភាពធន់។ យើងអាចសម្រេចបាននូវ គោលដៅ ទាំងនេះតាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយតួអង្គនានានៅក្នុងខ្សែច្រវាក់តម្លៃនៃវិស័យសាកវប្បកម្ម ចាប់ពីកម្រិតមូលដ្ឋាន រហូតដល់ថ្នាក់ជាតិ។"
គម្រោង GROWTH នេះត្រូវបានបង្កើតឡើងដោយផ្អែកលើការរៀនសូត្រំពីគម្រោងដែលបានអនុវត្តកន្លងមករួមមាន៖ គម្រោង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ (ស្ទៀរ) អនុវត្តដោយ់អង្គការ SCI និងគម្រោងការធ្វើពាណិជ្ជកម្មសាកវប្បកម្ម មានលក្ខណៈវៃឆ្លាតក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុ (Csmart) អនុវត្តដោយអង្គការ iDE កម្ពុជា ក្រោមមូលនិធិពី MFAT ដែលជាគម្រោងផ្តោតសំខាន់ទៅលើកសិកម្មឆ្លាតវៃនឹងអាកាសធាតុ និងការផ្សារភ្ជាប់ទីផ្សារ ។
ក្នុងរយៈពេលប្រាំឆ្នាំ (២០២៥-២០៣០) គម្រោង GROWTH នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ ដល់កសិករខ្នាតតូចនៅកម្ពុជា ប្រមាណ ៨,០០០ គ្រួសារ (ស្មើនឹងប្រជាជនប្រមាណ ៤០,០០០ នាក់) គាំទ្រដល់ស្ថាប័ន ឬសហគ្រាសក្នុងស្រុកចំនួន ៧០០ និងបង្កើតអត្ថប្រយោជន៍ដោយប្រយោលដល់ប្រជាជនប្រមាណ ១៦៥,០០០ នាក់ ព្រមទាំងអាជីវកម្មចំនួន ២០០ ផ្សេងទៀត។
កំណត់ចំណាំសម្រាប់អ្នកនិពន្ធ
អង្គការ Save the Children ប្រចាំកម្ពុជា (SCI)៖ មានតួនាទីជាសម្ព័ន្ធឈានមុខគេដែលទទួលខុសត្រូវលើការគ្រប់គ្រងជារួម និងសកម្មភាពនាំមុខទាក់ទងនឹងការការពារកុមារ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្ន សង្គម និងការចូលរួមរបស់សហគមន៍ ។ អង្គការ Save the Children ប្រចាំកម្ពុជា និង អង្គការ Save the Children ប្រចាំនូវែលសេឡង់ ក៏ផ្តល់ការត្រួតពិនិត្យហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រផ្នែកបច្ចេកទេសផងដែរ ។
អង្គការ iDE កម្ពុជា៖ ជាដៃគូអនុវត្តគម្រោង ដឹកនាំការអនុវត្តវិធីសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារ (MSD) ត្រួតពិនិត្យបច្ចេកទេសសម្របសម្រួលការចូលរួមពីសំណាក់ទីផ្សារ និងវិស័យឯកជន និងគាំទ្រការអភិវឌ្ឍ៍ខ្សែច្រវាក់់តម្លៃ និងនវានុវត្តន៍ក្នុងវិស័យកសិកម្ម។ ក្រុមការងារ SHE របស់ iDE កម្ពុជា គាំទ្រសហគ្រិនស្ត្រី នៅទូទាំងប្រព័ន្ធទីផ្សារ សាកវប្បកម្ម ដើម្បីពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
លោក ម៉ូត សាណា ប្រធានប្រតិបត្តិការកម្មវិធី អង្គការ Save the Children ប្រចាំកម្ពុជា (SCI)
ទូរស័ព្ទចល័ត៖ (៨៥៥) ១៧ ៥៨៤ ៧២៧
អ៊ីម៉ែល: sana.mot@savethechildren.org
លោកស្រី តិត ចាន់ មន្ត្រីគ្រប់គ្រងផ្នែកទំនាក់ទំនងជាន់ខ្ពស់ អង្គការ iDE កម្ពុជា
ទូរស័ព្ទចល័ត: (៨៥៥) ១១ ២៧៦ ៧៧៥
អ៊ីម៉ែល: tchann@ideglobal.org