ថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ សណ្ឋាគារហ៊ីម៉ាវ៉ារី
ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោង #BRACE ព្រមទាំងវត្តមានចូលរួមរបស់ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក ហុង រស្មី នាយកប្រចាំនៃអង្គការ Save the Children នៅកម្ពុជា លោក Nick Ireland នាយកផ្នែកការប្រែប្រួលអាកាសធាតុនៃអង្គការ Save the Children អូស្រ្តាលី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ដៃគូអភិវឌ្ឍ និងលោក លោកស្រីមន្ត្រីជំនាញគ្រប់អង្គភាពពាក់ព័ន្ធ។
ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ Save the Children ប្រចាំកម្ពុជា នឹងកែប្រែសាលាបឋមសិក្សាចំនួន ២៤០ នៅទូទាំងខេត្តកំពង់ឆ្នាំង កំពង់ចាម និងកោះកុង ឱ្យទៅជាសាលារៀនដែលមានសុវត្ថិភាព និងធន់នឹងការប្រែប្រួលអាកាសធាតុដែលគំនិតផ្ដួចផ្ដើមនេះទទួលបានជំនួយគាំទ្រពីមូលនិធិអាកាសធាតុបៃតង #GCF និងភាពជាដៃគូសកលសម្រាប់ការអប់រំ #GPE។
ខណៈដែលគម្រោង BRACE ត្រូវបានប្រកាសជាផ្លូវការនាថ្ងៃនេះ ភារកិច្ចរបស់យើង មិនបញ្ចប់ត្រឹមនេះឡើយ។ ការអនុវត្ត ការសម្របសម្រួល និងការប្តេជ្ញាបន្ត គឺជាកត្តាចាំបាច់ ដើម្បីធានាថា ការវិនិយោគនេះ នឹងផ្តល់លទ្ធផលដ៏មានអត្ថន័យ និងយូរអង្វែង។ ក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញាដឹកនាំការងារនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន អង្គការ Save the Children នៅកម្ពុជា និងដៃគូទាំងអស់ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាពទទួលខុសត្រូវ និងភាពជាម្ចាស់សម្រាប់កម្ពុជា។
ទាំងអស់គ្នា យើងត្រូវធានាថា ប្រព័ន្ធអប់រំដែលមានភាពធន់នឹងអាកាសធាតុ នឹងក្លាយជាផ្នែកស្នូលមួយ នៃការធ្វើផែនការ ការកៀរគរធនធាន និងការអនុវត្តវិស័យអប់រំ ដើម្បីឱ្យកុមារទាំងអស់នៅកម្ពុជា អាចបន្តការរៀនសូត្រ បានយ៉ាងមានសុវត្ថិភាព ទោះបីជាប្រឈមនឹងបញ្ហាអាកាសធាតុ ឬហានិភ័យផ្សេងៗក៍ដោយ។ កិច្ចអន្តរាគមន៍គម្រោង #BRACE ស្របតាមអាទិភាពអភិវឌ្ឍន៍ជាតិ និងការប្តេជ្ញារបស់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈការគាំទ្រយុទ្ធសាស្ត្រអាកាសធាតុជាតិ និងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (NDC 3.0) ដែលបានទទួលស្គាល់វិស័យអប់រំជាវិស័យគាំទ្រសំខាន់សម្រាប់ប្រទេសកម្ពុជាសម្រេចបាននូវគោលដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដើម្បីប្រែក្លាយជាប្រទេសអភិវឌ្ឍប្រកបដោយអព្យាក្រិត្ដកាបូន។
ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណដល់ក្រសួងបរិស្ថានដែលតែងតែគាំទ្រ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូទាំងអស់ សម្រាប់ភាពដឹកនាំ កិច្ចសហការ និងការប្តេជ្ញារួមគ្នា ដើម្បីវិស័យអប់រំ និងជាទីបញ្ចប់ ឯកឧត្តម បណ្ឌិតសភាចារ្យ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
