Skip to main content

សម្លេងរបស់ម៉ឺន៖ ការផ្លាស់ប្តូរពីភាពឯកា ក្លាយជើងឯកការតស៊ូមតិ ដើម្បីសិទ្ធិកុមារដែលមាន SOGIESCចម្រុះ នៅតាមទីជនបទក្នុងប្រទេសកម្ពុជា

7 Oct 2025 Cambodia

ក្រោមការគាំទ្រមូលនិធិពីអង្គការន័រវេសសម្រាប់ភាពចម្រុះផ្លូវភេទ និងយេនឌ័រ (FRI) និង Save the Children ន័រវែស, អង្គការ Save the Children ប្រចាំកម្ពុជា សហការជាមួយនិងសមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ (CCYMCR) កំពុងគាំទ្រដល់កុមារ និងយុវជន ដែលជួបការលំបាកនៅតាមតំបន់ជនបទ ក្នុងការបង្ហាញពីសក្ដានុពលរបស់ពួកគេ និងស្វែងរកការគាំទ្រមតិ ដើម្បីបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព សមភាព បរិយាបន្ន និងការគាំទ្រ តាមរយៈការបណ្តុះបណ្តាលនូវជំនាញភាពជាអ្នកដឹកនាំ និងស្វែងរកការគាំទ្រមតិទាក់ទងនឹងសិទ្ធិកុមារ។🫶

ម៉ឺន ជាយុវជនដែលមានអាយុ ១៧ឆ្នាំ រស់នៅខេត្តកណ្តាល បានស៊ូទ្រាំនឹងការរើសអើងឥតឈប់ឈរ ដោយសារតែការបង្ហាញយេនឌ័ររបស់ខ្លួន។ ម៉ឺន បានប្រឈមមុខនឹងម៉ាកងាយ ការផាត់ចេញ និងដកខ្លួនពីសង្គមតាំងពីក្មេង។ ប៉ុន្តែ ជីវិតរបស់ម៉ឺនបានផ្លាស់ប្តូរ នៅពេលដែលពួកគេបានចូលរួមជាមួយ គណៈកម្មការក្លឹបសិទ្ធិកុមារ ជាគំនិតផ្តួចផ្តើមដែលដឹកនាំដោយកុមារ និងយុវជន ដែលផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការតស៊ូមតិដើម្បីសិទ្ធិរបស់ខ្លួន និងសិទ្ធិមិត្តភ័ក្តិរបស់ពួកគេ។ តាមរយៈក្លឹបនេះ ម៉ឺនបានទទួលចំណេះដឹងអំពីនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងការបង្ហាញយេនឌ័រចម្រុះ។ ក្នុងបរិយាកាសនេះ ម៉ឺនបានរកឃើញខ្លួនឯង ដោយភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ដែលគាំទ្រ និងទទួលបានភាពក្លាហានក្នុងការក្រោកឈរតស៊ូមតិនឹងការរើសអើង។

ម៉ឺន កើតក្នុងគ្រួសារកសិករ ដែលឪពុកម្តាយជាកសិករ។ នៅអាយុ ៨ ឆ្នាំ ម៉ឺនចាប់ផ្តើមមានអារម្មណ៍ថាមានភាពមិនប្រក្រតីរវាងយេនឌ័រដែលបានកំណត់កាលពីកំណើត និងការបង្ហាញយេនឌ័ររបស់ខ្លួន។ តាំងពីក្មេង ម៉ឺនចូលចិត្តសកម្មភាពដែលជាទូទៅផ្សារភ្ជាប់នឹងភាពជាស្ត្រី ដូចជាលេងជាមួយក្មេងស្រី ចូលចិត្តការងារផ្ទះ និងការបង្ហាញខ្លួនឯងតាមរយៈសម្លៀកបំពាក់ និងកាយវិការដែលសហគមន៍ចាត់ទុកថា "ដូចស្រី"។ ការយល់ដឹងអំពីខ្លួនឯងតាំងពីដំបូងនេះ បានធ្វើឱ្យម៉ឺនខុសពីមិត្តភ័ក្តិ ដែលបណ្តាលឱ្យមានសញ្ញាអវិជ្ជមាន និងការផាត់ចេញ។

ការរើសអើងលើម៉ឺនកាន់តែច្រើនឡើងៗ នៅពេលពួកគេចូលរៀននៅអនុវិទ្យាល័យ។ មិត្តភ័ក្តិបានចំអកឱ្យពួកគេ ដោយត្រាប់តាមកាយវិការ ឡកឡឺយចំពោះរូបរាង និងហៅឈ្មោះមិនសមរម្យ ដូចជា "ខ្ទើយមួយជីវិត" "អ្នកគ្មានយេនឌ័រ" (ឬអ្នកមិនប្រកាន់យេនឌ័រ) និង "អ្នកមានចរិតដូចស្រី"។ អ្វីដែលកាន់តែអាក្រក់នោះ គឺសូម្បីតែគ្រូបង្រៀនមួយចំនួនក៏បានចូលរួមចំណែកបង្កើតបរិយាកាសអវិជ្ជមាន ដោយនិយាយមើលងាយអំពីការបង្ហាញយេនឌ័ររបស់ម៉ឺន ដាក់ងារពួកគេថា "ដូចស្រីពេក" ឬ "ស្រលាញ់ភេទដូចគ្នាពេក" ដែលបានពង្រីកនូវទស្សន និងបង្កឱ្យមានគ្រោះថ្នាក់។ ការសម្លុតបានឈានដល់ការយាយីផ្លូវកាយ ដែលមិត្តរួមថ្នាក់របស់ម៉ឺនបានលេងសើចលើការស្លៀកពាក់របស់ពួកគេ និងធ្វើកាយវិការត្រាប់តាមការដើររបស់ម៉ឺន។

ម៉ឺនបាននិយាយថា៖ «មិត្តរួមថ្នាក់របស់ខ្ញុំបានប៉ះពាល់ខ្ញុំមិនសមរម្យ ដូចជាប៉ះគូទ ចង្កេះ និងមុខរបស់ខ្ញុំ។ ខ្ញុំមិនអាចយល់បានថា ហេតុអ្វីបានជាពួកគេធ្វើបែបនេះមកលើខ្ញុំ ឬហេតុអ្វីបានជាពួកគេមើលងាយខ្ញុំ។ ពួកគេសើចចំអក ដូចជាការលេងសើច ប៉ុន្តែសម្រាប់ខ្ញុំ វាពិតជាអាម៉ាស់ និងធ្វើឱ្យខ្ញុំមានអារម្មណ៍ថាគ្មានអំណាច»

ក្រុមគ្រួសាររបស់ម៉ឺនមានការលំបាកក្នុងការស្វែងយល់ពីអត្តសញ្ញាណរបស់ពួកគេ ដោយសាច់ញាតិខ្លះបានយល់ច្រឡំ ហើយម្តាយរបស់ម៉ឺនជឿថាវាគ្រាន់តែជាដំណាក់កាលមួយប៉ុណ្ណោះ។ ដោយសារតែទំនៀមទម្លាប់តឹងរឹង ម្តាយរបស់ម៉ឺនមានការពិបាកក្នុងការទទួលយកអត្តសញ្ញាណយេនឌ័ររបស់កូន ដែលបាននាំឱ្យមានភាពតានតឹងដំបូងរវាងពួកគេ។ គាត់ខ្លាចពីសុវត្ថិភាពរបស់ម៉ឺន និងបារម្ភពីការរើសអើងក្នុងសង្គមដែលកូនអាចប្រឈមមុខ ដែលជួនកាលបានបង្ហាញឱ្យឃើញតាមរយៈការព្យាយាម "កែតម្រូវ" អាកប្បកិរិយារបស់ម៉ឺន។

មានពេលមួយដែលបានកើតឡើង នៅពេលដែលម៉ឺនបានចែករំលែកបទពិសោធន៍របស់ពួកគេនៅក្នុងក្លឹប និងរបៀបដែលសហគមន៍ផ្តល់ការគាំទ្របានជួយពួកគេឱ្យមានកម្លាំងចិត្ត។ ពួកគេបានពន្យល់ពីសារៈសំខាន់នៃការស្មោះត្រង់ចំពោះខ្លួនឯង និងការតស៊ូដែលពួកគេបានប្រឈមមុខជាមួយនឹងការម៉ាកងាយ និងភាពឯកា។ ការបើកចិត្តនេះបានបង្កើតឱ្យមានការផ្លាស់ប្តូរពីការយល់ឃើញរបស់ម្តាយ បើទោះបីជា វានៅតែជាដំណើរការបន្តិចម្តងៗក៏ដោយ។

យូរទៅៗ ម្តាយរបស់ម៉ឺនបានដឹងថា សេចក្តីស្រឡាញ់ និងការគាំទ្ររបស់គាត់គឺពិតជាមានសារៈសំខាន់ចំពោះសុខុមាលភាពរបស់កូន ហើយការភ័យខ្លាចរបស់គាត់ក៏ចាប់ផ្តើមថយចុះ។ ទោះបីជាវាមិនបានកើតឡើងភ្លាមៗក៏ដោយ នៅទីបំផុតម្តាយរបស់ម៉ឺនបានទទួលយកការបង្ហាញយេនឌ័ររបស់កូន ដោយទទួលស្គាល់ថាវាគឺជាផ្នែកមួយនៃអត្តសញ្ញាណពិតប្រាកដរបស់ម៉ឺន។

ម៉ឺនបាននិយាយថា៖ «ម៉ែរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឱ្យរឹងមាំ ពីព្រោះខ្ញុំមិនបានធ្វើឱ្យនរណាម្នាក់ឈឺចាប់ ឬធ្វើអ្វីអវិជ្ជមានទេ ដូច្នេះខ្ញុំមិនគួរគិតច្រើនពីវាឡើយ»។ «នៅពេលនោះ ខ្ញុំគ្មានភាពក្លាហានក្នុងការចូលរួមសកម្មភាពសាលា ដូចជាកិច្ចប្រជុំកុមារ កិច្ចប្រជុំឃោសនានៅសាលារៀន និងកិច្ចប្រជុំក្រុមប្រឹក្សាសាលា។ ខ្ញុំខ្លាចថា បើខ្ញុំចូលរួមសកម្មភាពទាំងនោះ ពួកគេនឹងនិយាយដើមខ្ញុំ ឬរើសអើងខ្ញុំ ហើយខ្ញុំមិនចង់ឱ្យគេចំអកឡកឡឺយទេ»

រឿងដ៏ឈឺចាប់មួយនៃបទពិសោធន៍របស់ម៉ឺន គឺការផ្តាច់ខ្លួនចេញពីអ្នកភូមិ។ អ្នកភូមិជាច្រើនបាននិយាយដើមពួកគេនៅពីក្រោយខ្នង ដែលធ្វើឱ្យពួកគេកាន់តែឃ្លាតឆ្ងាយពីសហគមន៍។ នៅពេលដែលម៉ឺនព្យាយាមចូលរួមក្នុងព្រឹត្តិការណ៍ក្នុងស្រុក ឬចូលរួមកិច្ចប្រជុំសហគមន៍ ពួកគេតែងតែត្រូវបានគេផាត់ចេញ ឬសើចចំអក។ បរិយាកាសអួលអាប់នេះ បានធ្វើឱ្យម៉ឺនមានអារម្មណ៍ថាដូចជាពួកគេគ្មានវត្តមាន ដែលនាំឱ្យពួកគេដកខ្លួនចេញពីសកម្មភាពសង្គម ដោយសារតែខ្លាចការម៉ាកងាយ និងការអាម៉ាស់បន្ថែមទៀត។

នៅឆ្នាំ ២០២១ ដោយមានការលើកទឹកចិត្តពីបងប្រុសរបស់ខ្លួន ម៉ឺនបានចូលរួម ក្លឹបគណៈកម្មាធិការ ដើម្បីសិទ្ធិកុមារ នៅអាយុ ១៣ ឆ្នាំ។ ម៉ឺនមិនប្រាកដថា ក្លឹបនឹងផ្តល់អ្វីដល់ពួកគេនោះទេ ប៉ុន្តែម៉ឺនមានការចាប់អារម្មណ៍ចំពោះសារនៃការទទួលយក សមភាព និងការតស៊ូមតិដើម្បីសិទ្ធិកុមារ។ បងប្រុសរបស់ម៉ឺនដែលជាសមាជិកក្លឹប តែងតែជាអ្នកគាំទ្រដ៏ធំបំផុតរបស់ពួកគេ ដោយរំឭកពួកគេថា ទោះអ្នកដទៃគិតយ៉ាងណា ក៏ពួកគេមានសិទ្ធិជាខ្លួនឯងដែរ។ គាត់ក៏បានផ្តល់ការណែនាំអំពីរបៀបដោះស្រាយស្ថានភាពលំបាក ដូចជាការគ្រប់គ្រងការរើសអើង និងការចូលរួមជាមួយសហគមន៍ ហើយបានផ្តល់ដំបូន្មានដ៏មានតម្លៃអំពីការនិយាយជាសាធារណៈ និងការរៀបចំព្រឹត្តិការណ៍។ នៅឆ្នាំ ២០២២ ម៉ឺនបានទទួលតួនាទីជាប្រធានក្លឹបតាមរយៈការបោះឆ្នោត។

ក្នុងនាមជាប្រធាន ម៉ឺនបានជួបនឹងបញ្ហាប្រឈម ដូចជាការតស៊ូពីសមាជិកសហគមន៍ដែលអភិរក្សនិយម និងការរក្សាតុល្យភាព រវាងការតស៊ូមតិ និងការរក្សាសន្តិភាព។ ម៉ឺន ក៏បានធ្វើការដើម្បីធានាថា សម្លេងរបស់កុមារដែលត្រូវបានរើសអើង ត្រូវបានគេយកចិត្តទុកដាក់ និងបានដឹកនាំក្លឹបក្នុងការរៀបចំសកម្មភាព តាមធនធាន ដែលតម្រូវឱ្យមានការច្នៃប្រឌិត និងការប្តេជ្ញាចិត្ត។

ក្រោមការគាំទ្រមូលនិធិពីអង្គការន័រវេសសម្រាប់ភាពចម្រុះផ្លូវភេទ និងយេនឌ័រ (FRI) និង Save the Children ន័រវែស, អង្គការ Save the Children ប្រចាំកម្ពុជាសហការជាមួយនិងសមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ (CCYMCR)បានអនុវត្ត គម្រោងលើកកម្ពស់កិច្ចការពារ និងបរិយាបន្នកុមារ ដែលត្រូវបានរើសអើងដោយសារនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទចម្រុះ ហៅកាត់ថា (SOGIESC) ដើម្បីធានាថាកុមារដែលមាន SOGIESC ទទួលបានការគោរពសិទ្ធិរបស់ពួកគេ។

តាមរយៈក្លឹបដែលគាំទ្រដោយ CCYMCR ម៉ឺនបានទទួលចំណេះដឹង និងជំនាញដ៏មានតម្លៃ ដើម្បីដោះស្រាយការរើសអើងយេនឌ័រ និងស្វែងយល់ពីសិទ្ធិរបស់ខ្លួនក្នុងនាមជាយុវជនដែលមាន SOGIESC ចម្រុះ។ ក្លឹបកុមារ មិនត្រឹមតែផ្តល់ឱ្យម៉ឺននូវទីកន្លែងដែលមានសុវត្ថិភាព និងការគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់អំណាចដល់ពួកគេ ជាមួយនឹងឱកាសភាពជាអ្នកដឹកនាំ និងវេទិកាដើម្បីតស៊ូមតិ ដើម្បីការដាក់បញ្ចូល និងសមភាពកាន់តែខ្លាំងនៅក្នុងសហគមន៍របស់ពួកគេ។

ម៉ឺន បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលប្រចាំខែរបស់ក្លឹប ដែលសមាជិកបានផ្តោតលើសិទ្ធិកុមារ និងពិភាក្សាអំពីបញ្ហាទាក់ទងនឹងយេនឌ័រ។ សកម្មភាពមួយដែលមានផលជះជាវិជ្ជមានខ្លាំងបំផុត គឺយុទ្ធនាការស្តីពី (SOGIESC) ដែលក្លឹបបានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹង សម្រាប់សាលារៀន និងសហគមន៍ក្នុងតំបន់។ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្សព្វផ្សាយអប់រំ អំពីនិន្នាការផ្លូវភេទ អត្តសញ្ញាណយេនឌ័រ និងសារៈសំខាន់នៃការដាក់បញ្ចូល។ ម៉ឺន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំការពិភាក្សា និងការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដែលបានជួយផ្លាស់ប្តូរអាកប្បកិរិយារើសអើង។ យុទ្ធនាការដ៏សំខាន់មួយទៀត គឺការបង្កើតទីកន្លែងដែលមានសុវត្ថិភាពសម្រាប់កុមារដែលត្រូវបានរើសអើង ដែលម៉ឺន និងសមាជិកផ្សេងទៀតអាចពិភាក្សាដោយសេរីអំពីការស្វែងរកមតិគាំទ្ររបស់ពួកគេ និងគាំទ្រគ្នាទៅវិញទៅមក។ គំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែបានពង្រឹងការយល់ដឹងរបស់ម៉ឺនអំពីបញ្ហាទាក់ទងនឹងយេនឌ័រនោះទេ ប៉ុន្តែថែមទាំងបានពង្រឹងជំនាញភាពជាអ្នកដឹកនាំរបស់ពួកគេ និងបានផ្សារភ្ជាប់នូវទំនាក់ទំនងពួកគេជាមួយអ្នកដទៃ ដែលជួបនឹងបញ្ហាស្រដៀងគ្នា។

Meun presenting the findings that children's problem and needs

 

ក្នុងនាមជាប្រធាន ម៉ឺនក៏បានដឹកនាំយុទ្ធនាការផ្សព្វផ្សាយ ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការដាក់បញ្ចូលយេនឌ័រ ទាំងក្នុងចំណោមកុមារ និងមនុស្សពេញវ័យ ដោយប្រើប្រាស់វិធីសាស្រ្តផ្សេងៗ ដូចជាការសម្តែងតួនាទី ផ្ទាំងរូបភាព និងកម្មវិធីវិទ្យុក្នុងស្រុក ដើម្បីបញ្ជូនសារនៃការទទួលយក និងលុបបំបាត់ការរើសអើងយេនឌ័រ។

បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងតស៊ូមតិរបស់ខ្លួន ម៉ឺនបានចូលរួមក្នុងសិក្ខាសាលាជាមួយដៃគូជាតិ រួមទាំងមន្ត្រីរដ្ឋាភិបាល គ្រូបង្រៀន និងមេដឹកនាំយុវជន។ វគ្គទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ពួកគេ ក្នុងការស្វែងយល់ពីរបៀបជំរុញការអប់រំ សូជីអេស៊ី (SOGIESC) នៅក្នុងសាលារៀន និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

នៅពេលដែលម៉ឺនចាប់ផ្តើមបញ្ចេញមតិកាន់តែខ្លាំងអំពីអត្តសញ្ញាណយេនឌ័ររបស់ខ្លួន អ្នកភូមិមានប្រតិកម្មច្របូកច្របល់។ អ្នកខ្លះនៅតែបង្ហាញការមិនពេញចិត្ត ឬការមិនយល់ស្រប ហើយពេលមួយមានការផ្លាស់ប្តូរជាវិជ្ជមានគួរឱ្យមានការកត់សម្គាល់។ អ្នកភូមិមួយចំនួន ជាពិសេសអ្នកដែលធ្លាប់នៅស្ងៀមស្ងាត់ បានចាប់ផ្តើមបង្ហាញការយល់ឃើញ បន្ទាប់ពីបានស្តាប់រឿងរបស់ម៉ឺន និងបញ្ហាប្រឈមដែលពួកគេបានជួបប្រទះ។ ការផ្លាស់ប្តូរនេះ បានបង្ហាញក្នុងកិច្ចពិភាក្សាក្នុងសហគមន៍ ដែលរៀបចំដោយម៉ឺន តាមរយៈកិច្ចសន្ទនាសេរី បានជំរុញឱ្យមានការអាណិតអាសូរដល់ម៉ឺន។ អ្នកផ្សេងទៀតក៏បានចាប់ផ្តើមលើកឡើងទាក់ទងនឹងការមាក់ងាយ ហើយមានក្រុមអ្នកភូមិមួយចំនួនក៏ចាប់ផ្តើមគាំទ្រម៉ឺន ដោយទទួលស្គាល់សារៈសំខាន់នៃការទទួលយក និងការគោរពចំពោះបុគ្គលគ្រប់រូប ដោយគ្មានការរើសអើងពីអត្តសញ្ញាណយេនឌ័ររបស់ពួកគេ។

នៅពេលដែលពួកគេកាន់តែមានភាពជឿជាក់ ម៉ឺនបានទទួលតួនាទីជាអ្នកប្រឹក្សា ដោយណែនាំកុមារតូចៗនៅក្នុងសហគមន៍របស់ពួកគេ ជំនះឧបសគ្គសនានាដែលទាក់ទងនឹងអត្តសញ្ញាណ ឬការបង្ហាញយេនឌ័ររបស់ពួកគេ។

ម៉ឺនបាននិយាយថា៖ «ខ្ញុំ តែងតែចែករំលែកអ្វីគ្រប់យ៉ាងដែលខ្ញុំបានរៀន ជាមួយកុមារនៅក្នុងក្លឹបរបស់ខ្ញុំ រួមមានមិត្តភ័ក្តិ គ្រួសារ និងអ្នកផ្សេងទៀតនៅជុំវិញខ្ញុំ»។ «ក្រុមគ្រួសាររបស់ខ្ញុំ តែងតែសរសើខ្ញុំ ទាក់ទងនឹងការចូលរួមសកម្មភាពផ្សេងៗ មិនថាជាការចូលរួមសិក្ខាសាលា ឬចូលរួមក្នុងព្រឹត្តិការណ៍សហគមន៍នោះទេ។ ពួកគេកោតសរសើរចំពោះភាពជឿជាក់ ភាពក្លាហាន និងជំនាញទំនាក់ទំនងដ៏ពូកែរបស់ខ្ញុំ»

ឪពុកម្តាយរបស់ម៉ឺន ជាពិសេសម្តាយរបស់គេ គឺ ស្រីពេជ្រ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅរកការទទួលបានសិទ្ធិរបស់ម៉ឺន ហើយថែមទាំងបានចំណាយពេលចូលរួមសិក្ខាសាលា ដែលម៉ឺនជាអ្នកសម្របសម្រួលទៀតផង។

ស្រីពេជ្រ បាននិយាយថា៖ «កូនរបស់ខ្ញុំមានទំនួលខុសត្រូវខ្ពស់ ហើយមិនដែលបង្កបញ្ហាដល់គ្រួសារទេ។ ម៉ឺន ចេះគ្រប់គ្រងអារម្មណ៍ រក្សាភាពស្ងប់ស្ងាត់ សូម្បីតែក្នុងស្ថានភាពលំបាក ហើយមិនដែលបង្កើតបញ្ហាដែរ»។ «ម៉ឺន មិនដែលអវត្តមាន ឬខ្ជិលច្រអូសក្នុងការទៅរៀនឡើយ។ នៅផ្ទះ ម៉ឺនជួយធ្វើការងារផ្ទះ និងជួយគ្រួសារតាមដែលអាចធ្វើទៅបាន មិនថាជាការងារផ្ទះ ឬការរកប្រាក់ចំណូលនោះទេ»

ស្រីនូ ជាសមាជិកក្លឹបបានលើកឡើងថា ម៉ឺន គឺជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវខ្ពស់ និងគោលគំនិតខ្ពស់ពីសារៈសំខាន់នៃការគាំទ្រកុមារដែលមាន SOGIESC ចម្រុះ

ស្រីនូបាននិយាយថា៖ «កុមារដែលមាននិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទចម្រុះ គឺដូចគ្នានឹងកុមារដទៃផ្សេងទៀតដែរ។ ពួកគេបានរួមចំណែកជាវិជ្ជមានដល់សហគមន៍ ហើយមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ ទោះបីជាមនុស្សមួយចំនួនមិនទទួលយកពួកគេក៏ដោយ ខ្ញុំនឹងតែងតែឈរនៅក្បែរពួកគេក្នុងនាមជាមិត្ត ដោយគ្មានការរើសអើង»

ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ម៉ឺនជឿថា ត្រូវតែធ្វើការងារនេះបន្ថែមទៀត ដើម្បីជំរុញការដាក់បញ្ចូល ដោយពង្រីកការយល់ដឹង និងការអប់រំអំពីបញ្ហាកុមារដែលមាន SOGIESC ចម្រុះ

ពួកគេបាននិយាយថា៖ «ខ្ញុំនឹងបន្តស្វែងរកមតិគាំទ្រ ដោយផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀតនៅក្នុងសាលារៀន និងសហគមន៍ ដើម្បីលុបបំបាត់ការមិនអើពើ និងការរើសអើងលើកុមារដែលមាន SOGIESC ចម្រុះ ដោយធានាថាពួកគេទទួលបានអារម្មណ៍លើកទឹកចិត្ត ភាពជឿជាក់ និងអាចបន្តការសិក្សារបស់ពួកគេដោយគ្មានការភ័យខ្លាច»។